អត្ថបទ៖ រឿន វាសនា, ឡោ រក្សា និង ផល ឧត្តម
ទោះបីជាខែកញ្ញា
ជាពេលវេលាវិស្សមកាលមួយសម្រាប់សិស្សានុសិស្សលំហែកាយកម្សាន្តឬសម្រាកនៅផ្ទះក្ដី
ទិដ្ឋភាពនៃវិទ្យាល័យសុខអានសំរោងដែលស្ថិតនៅក្នុងភូមិខ្វាវ ឃុំខ្វាវ
ស្រុកសំរោងខេត្តតាកែវហាក់ពុំស្ងប់ស្ងាត់ឡើយ។
មិនខុសពីវិទ្យាល័យដទៃៗទៀតក្នុងប្រទេសកម្ពុជាឡើយ ថ្នាក់រៀនមួយចំនួននៃវិទ្យាល័យនេះកំពុងបើកទ្វារសម្រាប់លោកគ្រូអ្នកគ្រូដំណើរការបង្រៀនគួរដល់សិស្សានុសិស្ស
ដែលភាគច្រើនជាសិស្សថ្នាក់ទី១១ ត្រៀមចូលថ្នាក់ទី១២។
ម៉េង យ៉ារី
ជាសិស្សម្នាក់ក្នុងចំណោមពួកគេ បានប្រាប់ថាមុខវិជ្ជាដែលនាង និងសិស្សដទៃទៀតកំពុងរៀនមានដូចជា៖
គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា និង ជីវវិទ្យា។ ថ្នាក់រៀនត្រូវបានញាត់ពេញដោយសិស្ស ដែលធ្វើឲ្យ យ៉ារី រកកន្លែងអង្គុយស្ទើពុំបានព្រោះនាងមកយឺតជាងគេបន្តិច។
ទិដ្ឋភាពដែលបានរៀបរាប់នេះបានធ្វើឲ្យលោកគ្រូអ្នកគ្រូភាគច្រើនសប្បាយចិត្ត
ព្រោះវាហាក់បង្ហាញថាសិស្សកំពុងយកចិត្តទុកដាក់និងឲ្យតម្លៃលើការសិក្សាជាងមុន។ ចំពោះលោក
ឃិន សុផាន់ គ្រូបង្រៀនម្នាក់នៃវិទ្យាល័យសុខអានសំរោងក៏យល់ឃើញដូចនេះដែរ តែលោកហាក់សម្ដែងការខកចិត្តបន្តិចបន្ដួចដែរ
ព្រោះមុខវិជ្ជាសីលធម៌ពេលដែលលោកបង្រៀន សិស្សមិនសូវឲ្យតម្លៃដូចមុខវិជ្ជាគណិតវិទ្យា
គីមីវិទ្យា ឬ រូបវិទ្យាឡើយ។
មិនមែនមានតែលោក
ឃិន សុផាន់ម្នាក់ទេ ដែលយល់ឃើញបែបនេះ នៅមានគ្រូបង្រៀនមុខវិជ្ជា ភូមិវិទ្យា
ផែនដីវិទ្យា និងសីលធម៌ជាច្រើនអ្នកទៀតដែលមានទស្សនៈស្រដៀងនេះថា
សិស្សបច្ចុប្បន្នហាក់មិនសូវឲ្យតម្លៃមុខវិជ្ជាវិទ្យាសាស្រ្តសង្គមទេ។
ហើយសូម្បីតែសិស្សដែលបានទើបប្រឡងបាក់ឌុបថ្មីៗ ក៏យល់ឃើញបែបនេះដែរ។
តោញ ធារី
ជាអតីតសិស្សប្រឡងបាក់ឌុបឆ្នាំ ២០១៧ បានលើកឡើង “ពេលរៀននៅផ្ទះ ខ្ញុំតែងមើលមេរៀន
គណិត រូប គីមី និងជីវៈ តែមិនសូវមើល ភូមិ សីលធម៌ ផែនដីអីទេ
ព្រោះមុខវិជ្ជាទាំងហ្នឹងគេអត់ប្រឡងផង”។
បញ្ហា និង
ក្ដីបារម្ភទាំងនេះមិនមែនជារឿងដែលកើតឡើងដោយចៃដន្យនោះទេ
តែវាទាក់ទងទៅនឹងកំណែទម្រង់នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងរយៈពេលបួនឆ្នាំចុងក្រោយនេះ។
២០១៤
ជាឆ្នាំដែលរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាចូលកាន់តំណែងថ្មី លោក ហង់ ជួនណារ៉ុន
បានប្រកាសធ្វើកំណែទម្រង់ស៊ីជម្រៅលើវិស័យអប់រំ ជាពិសេសទៅលើដំណើរការនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុប។
ដំណើរការនៃការប្រឡងត្រូវបាន កែប្រែស្ទើរទាំងស្រុងដោយរាប់បញ្ជូលទាំងការពង្រឹងវិន័យ
ការកាត់បន្ថយរយៈពេលប្រឡង និង ការរៀបចំមណ្ឌលប្រឡង ក្នុងគោលបំណងពង្រឹងគុណភាព និង
សមត្ថភាពបេក្ខជនប្រឡងឲ្យប្រសើរឡើងវិញ ដូចអ្វីដែលលោក ហង់ ជួនណារ៉ុនលើកឡើងថា “អ្នកចេះគឺជាប់”។
ទន្ទឹមនឹងកំណែទម្រង់ពេលវេលា
និង វិន័យនៃការប្រឡង ក្រសួងអប់រំក៏បានកែប្រែផងដែរនូវការដាក់វិញ្ញាសាសម្រាប់ការប្រឡង
ដោយក្រសួងបានកាត់បន្ថយពីការប្រឡង១០មុខវិជ្ជា មកត្រឹម៧មុខវិជ្ជា។ សម្រាប់ថ្នាក់វិទ្យាសាស្ត្រពិតមុខវិជ្ជាដែលត្រូវប្រឡងជាទូទៅរួមមាន៖ គណិតវិទ្យា រូបវិទ្យា
គីមីវិទ្យា ជីវវិទ្យា អក្សរសាស្រ្តខ្មែរ និងភាសាបរទេស។ ចំណែកឯមុខវិជ្ជាសីលធម៌-ពលរដ្ឋវិជ្ជា ប្រវត្តិវិទ្យា
ភូមិវិទ្យា និង ផែនដីវិទ្យានិងបរិស្ថានវិទ្យា
ត្រូវបានគេកំណត់ថាជាមុខវិជ្ជាជម្រើសដោយត្រូវជ្រើសមកមួយក្នុងចំណោមនោះមកធ្វើជាវិញ្ញាសាប្រឡង។
តែអ្វីដែលគួរឲ្យកត់សម្គាល់
រយៈពេលបួនឆ្នាំមកនេះមុខវិជ្ជាជម្រើសសម្រាប់ថ្នាក់វិទ្យាសាស្រ្តពិតគឺបានទៅលើមុខវិជ្ជា ប្រវត្តិវិទ្យាជានិច្ច។
ដោយឡែកមុខវិជ្ជា សីលធម៌ ពលរដ្ឋវិជ្ជា ភូមិវិទ្យា និង ផែនដីវិទ្យាមិនត្រូវដាក់បញ្ចូលក្នុងវិញ្ញាសាសម្រាប់ការប្រឡងម្ដងណាឡើយ។
តាមរយៈបទសម្ភាសន៍
លោក ឃឹន សុផាន់ បានលើកឡើងថាក្នុងនាមជាគ្រូបង្រៀនមុខវិជ្ជាសីលធម៌ ពលរដ្ឋវិទ្យា
លោកចង់ឲ្យមុខវិជ្ជានេះក្លាយត្រូវបានជ្រើសរើសសម្រាប់វិញ្ញាសាប្រឡងបាក់ឌុប។ “ការពិតទៅសម្រាប់ថ្នាក់វិទ្យាសាស្រ្តសង្គម
សីលធម៌ពលមានក្នុងវិញ្ញាសាប្រឡង តែសម្រាប់វិទ្យាសាស្ត្រពិតគេដាក់ជាមុខវិជ្ជាជម្រើស។
ហើយក្នុងនាមជាគ្រូបង្រៀនមុខវិទ្យានេះ ខ្ញុំចង់ឲ្យមានការប្រឡងមុខវិជ្ជានេះ
តែធ្វើម៉េចបើគេចាប់បានតែប្រវត្តិរហូត!” លោកគ្រូ សុផាន់ បញ្ជាក់។
ការជ្រើសយកមុខវិជ្ជាប្រវត្តិវិទ្យា ជាមុខវិជ្ជាជម្រើសសម្រាប់ការប្រឡងបាក់ឌុប
៤ឆ្នាំជាប់គ្នាមកនេះ ត្រូវបានសាធារណៈជនមួយចំនួនរិះគន់ថា មិនមែនជាការចាប់ឆ្នោតដោយ ចៃដន្យនោះទេ តែជាអ្វីដែលក្រសួងរៀបចំទុកជាមុន។
គណនេយ្យហ្វេសបុកមួយចំនួនហ៊ានទាំង លើកឡើងថា “គ្រូភូមិ សីលធម៌ ផែនដី មិនបាច់ខំបង្រៀនពេកទេ
ព្រោះគេគង់តែ គេចាប់ឆ្នោតបានប្រវត្តិវិទ្យាដដែល”។
ឆ្លើយតបនឹងការលើកឡើងនេះ
លោក រស់ សុវិចារ អ្នកនាំពាក្យអគ្គនាយកដ្ឋានមធ្យមសិក្សាទូទៅនៃក្រសួងអប់រំយុវជននិងកីឡាបានលើកឡើងថា
ការកំណត់វិញ្ញាសាប្រឡងនេះគឺផ្អែកតាមកំណែទម្រង់របស់ក្រសួងអប់រំកាលពីឆ្នាំ២០១៤
ហើយចំពោះការចាប់មុខវិជ្ជាជម្រើសនេះគឺដើម្បីឆ្លើយតបនឹងកម្មវីធីអប់រំទំនើបរបស់ក្រសួងអប់រំយុវជននិងកីឡា។
លោកបន្ថែមថា “ចំពោះឆ្នាំក្រោយ ខ្ញុំមិនទាន់ដឹងទេថា
ប្រវត្តិវិទ្យានៅតែអាចបន្តជាមុខវិជ្ជាជម្រើសទៀត ឬយ៉ាងណាទេ? ព្រោះជាគោលការណ៍
យើងនឹងប្រកាសវាមួយខែមុនការប្រឡង។”
គួរប្រឡង
១០មុខឬ ៧មុខ?
“ខ្ញុំគិតថាទោះបើក្រសួងធ្វើកំណែទម្រង់
បែងចែកថ្នាក់វិទ្យាសាស្រ្ត ថ្នាក់សង្គម ក្រសួងគួរតែវិលត្រឡប់ទៅការប្រឡង
១០មុខវិជ្ជា ដូចកាលពីឆ្នាំ២០១៣វិញ ព្រោះថាក្រសួងធ្វើកំណែទម្រង់
បែងចែកតែថ្នាក់ក្រោម(វិទ្យាល័យ) តែថ្នាក់លើ(សាកលវិទ្យាល័យ)អត់ទាន់បានបែងចែកនៅឡើយទេ។
ដូច្នេះវាអាចពិបាកដល់សិស្ស ព្រោះសិស្សខ្លះពូកែវិទ្យាសាស្រ្តទៅរៀនសង្គម
ខ្លះពូកែសង្គមទៅរៀនវិទ្យាសាស្រ្តពិត...ហើយ(មុខវិជ្ជា)សីលធម៌ជាឧទារណ៍ វាសំខាន់ណាស់សម្រាប់សិក្សាមុខជំនាញមួយចំនួននៅថ្នាក់មហាវិទ្យាល័យ!” នេះជាការលើកឡើងរបស់លោក ឃិន
សុផាន់ នៅពេលអ្នកសារព័ត៌មានសួរនាំអំពីមតិរបស់លោកចំពោះកំណែទម្រង់ការប្រឡងបាក់ឌុបកន្លងមក។
ចំណែកលោក
រស់ សុវិចារ បានឆ្លើយតបនឹងការលើកឡើងនេះថា “តាមពិតកំណែទម្រង់របស់ក្រសួងកំពុងស្ថិតនៅដំណាក់កាលសាកល្បងនៅឡើយទេ
រៀងរាល់បួនឆ្នាំម្ដង ក្រសួងនឹងប្រមូលមតិយោបល់ និងអនុសាសន៍លោកគ្រូ ពីគ្រប់មជ្ឈដ្ឋាន
ធ្វើយ៉ាងឲ្យលទ្ធផលនៃកំណែទម្រង់កាន់តែប្រសើរឡើង”។
តែបើក្រឡេកមើលទៅប្រព័ន្ធអប់រំនៅក្នុងប្រទេសជិតខាងវិញ
ក៏មានការធ្វើកំណែទម្រង់របស់ខ្លួនផងដែរ។
ជាក់ស្ដែងប្រទេសថៃបានធ្វើកំណែទម្រង់ស៊ីជម្រៅដំបូងរបស់ខ្លួនក្នុងឆ្នាំ១៩៩៥
ហើយចាប់ពីឆ្នាំ២០០៥ សិស្សដែលបញ្ចប់ថ្នាក់វិទ្យាល័យ
តម្រូវឲ្យឆ្លងកាត់ការប្រឡងថ្នាក់ជាតិទូទៅដែលកាន់ថា O-NET។ ការប្រឡងនេះមានវិញ្ញាសា
៨មុខវិជ្ជាគឺ៖ អក្សរសាស្រ្តថៃ គណិតវិទ្យា វិទ្យាសាស្តពិត វិទ្យាសាស្តសង្គម
ជំនាញកុំព្យូទ័រ ភាសាអង់គ្លេស ពេលនេះម៉ោង
១១ព្រឹកហើយ វាក៏ជាពេលដែលយ៉ារីត្រូវចេញពីរៀនត្រឡប់ទៅផ្ទះវិញដែរ។
នាងបានប្រាប់ថាមូលហេតុដែលនាងខំរៀនមុខវិជ្ជាទាំងនោះ ជាងមុខវិជ្ជាសង្គម
ព្រោះវានឹងជួយនាងឲ្យប្រឡងជាប់និងបាននិទ្ទេសល្អ ខណៈដែលនាងសិស្សម្នាក់ក្នុងថ្នាក់វិទ្យាសាស្ត្រពិត៕
No comments:
Post a Comment